បើចង់ចុះបញ្ជីពាណិជ្ជកម្មបើកក្រុមហ៊ុនតូច ឬធំ តើគួរធ្វើដូចម្ដេចខ្លះ?




      កាលពីមុននៅពេលដែលលោកអ្នកចង់បើកក្រុម​ហ៊ុន ឬសហគ្រាសតូច-ធំ សម្រាប់ធ្វើអាជីវកម្មអ្វីមួយ គឺតែងតែ​មានការត្អូញត្អែរ និងមិនដឹងអំពីរបៀបនៃការចុះបញ្ជី ឬបំពេញបែបបទឯកសារឱ្យស្របតាមច្បាប់ ដើម្បី​ឱ្យក្រុម​ហ៊ុន ឬសហគ្រាសរបស់ខ្លួន អាចដំណើរការបានរលូន ប៉ុន្ដែអ្វីដែលជាការពិបាករបស់លោកអ្នកកន្លងមក ត្រូវបាន«លោក ភួង ភក្ដី» ជួយស្រាយបំភ្លឺខ្លះៗ សម្រាប់ជាចំណេះដឹងបន្ថែម។
            ក្នុងន័យនេះ កាសែតឡារ៉ែន បានជួបជាមួយ លោក ភួង ភក្ដី ទីប្រឹក្សាអភិវឌ្ឍន៍អាជីវកម្ម និងជាប្រធាន ក្រុមហ៊ុន DNK Consultancy Service ដើម្បីជួយដោះស្រាយចម្ងល់របស់លោកអ្នកទាំងនេះ ដូច្នេះ សូមប្រិយ​មិត្តអ្នកអានជួបជាមួយលោក ភក្ដី ដូចតទៅ៖
1/ មុនពេលចុះបញ្ជីពាណិជ្ជកម្មបើកក្រុមហ៊ុន ឬសហគ្រាសប្រកបអាជីវកម្មតូច-ធំ តើយើងគួរធ្វើដូចម្ដេចខ្លះ?
            ដំបូង យើងត្រូវរកឈ្មោះដាក់ឱ្យក្រុម​ហ៊ុន ឬសហគ្រាសរបស់យើងជាមុនសិន ដើម្បីចៀសវាង​ការដាក់​ឈ្មោះ​ជាន់គ្នា ឬស្រដៀងគ្នា និងកុំឱ្យមានការក្លែងបន្លំម៉ាកយីហោ ឬផលិតផលរបស់អ្នកដទៃ ដែលគេមាន​ច្បាប់​ត្រឹម​ត្រូវ ឬគេបានចុះបញ្ជីមុនយើង តែបើឈ្មោះជាន់គ្នា ខាងក្រសួងគេមិនអនុញ្ញាតនោះទេ។
2/ បន្ទាប់ពី មានឈ្មោះសម្រាប់ក្រុមហ៊ុន ឬសហគ្រាស តើយើងចាំបាច់ត្រៀមឯកសារអ្វីខ្លះ?
            ចំពោះ ឯកសារយើងត្រូវត្រៀមលិខិតមួយចំនួនដូចជា កិច្ចសន្យាជួល (បើយើងជួលទីតាំងពីគេ) បើមិន​ជួលគេ គឺត្រូវមានប្លង់ទីតាំងអាជីវកម្ម បង្កាន់ដៃបង់ពន្ធអចលន​ទ្រព្យ អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន លិខិត​ស្នាក់នៅ ហើយកន្លែងខ្លះអាចនឹងមានឯកសារបញ្ជាក់បន្ថែម និងគេសង្កេតមើលលក្ខណៈ​ក្រុមហ៊ុននោះផងដែរ។ ប្រសិនបើក្រុមហ៊ុន ឬសហគ្រាសជាបុត្រសម្ព័ន្ធរបស់បរទេស ហើយមកបើកនៅកម្ពុជា គឺ​តម្រូវឱ្យម្ចាស់ក្រុមហ៊ុន ឬសហគ្រាសនោះ ត្រូវមានមេធាវីម្នាក់ ដើម្បីបកស្រាយ ឬរៀបរាប់ពី​អាជីវកម្ម​របស់ខ្លួន។ ម្យ៉ាងវិញទៀត ពួកគាត់ បើអាចគួរតែរកដៃគូ ឬអ្នកជំនាញ​ពិភាក្សាអំពីច្បាប់ ទម្រង់បែបបទ និងបញ្ហា​ផ្សេងៗជុំវិញអាជីវកម្មរបស់​ពួកគាត់​ផងដែរ។
3/ តើមានការលំបាក ឬស្មុកស្មាញយ៉ាងណាខ្លះ អំឡុងពេលបញ្ជូនឯកសារទាំងនោះ ទៅកាន់ក្រសួង?
            ការពិតវា មិនមានអ្វីស្មុកស្មាញច្រើនទេ បន្ទាប់ពីយើងមានឯកសារគ្រប់គ្រាន់ ដោយគ្រាន់តែបំពេញតាម​បែបបទ ឬពាក្យដែលមានក្នុងតារាងរបស់ក្រសួងស្រាប ប៉ុន្ដែបើយើងបំពេញវាខុសពីលក្ខន្ដិកៈនោះ ខាងក្រសួងគឺ​តម្រូវឱ្យសរសេរម្ដងទៀត រហូតដល់បំពេញព័ត៌មានគ្រប់គ្រាន់។ ម្យ៉ាងវិញទៀត ពេលដែលយើងបំពេញវាខុស គឺ​យើងគ្រាន់តែចំណាយពេលវេលាច្រើន សម្រាប់កែ យកឯកសារទៅដាក់ម្ដងទៀត និងចំណាយពេលវេលារងចាំ​ប៉ុណ្ណោះ។ ដូច្នេះ យើងគួរតែរកអ្នកមានបទពិសោធន៍ និងចំណេះដឹងដែលទាក់ទងនឹងបញ្ហាទាំងនេះ ដើម្បីចៀស​វាង​បញ្ហាឈឺក្បាលច្រើនដង។
4/ តើយើងត្រូវចំណាយពេលប៉ុន្មានថ្ងៃ ឬខែ ដើម្បីទទួលបានប័ណ្ណចុះបញ្ជីនេះ?
            ជាទូទៅ គេត្រូវចំណាយពេលចន្លោះពី 1 ទៅ 2 ខែ បើយើងបំពេញបែបបទ ឬមានឯកសារគ្រប់គ្រាន់​តាម​លក្ខន្ដិកៈដែលក្រសួង ឬស្ថាប័នពន្ធដារតម្រូវ ប៉ុន្ដែយើងក៏អាចចំណាយពេលវេលាច្រើនជាងនេះដែរ ដោយ​សារការ​បំពេញ ឬយើងមិនមានឯកសារទាំងនោះគ្រប់គ្រាន់ ហើយត្រូវចំណាយពេលប្រមូល និងកែតម្រូវត្រង់​កន្លែងខុសឆ្គងនោះ។ 
5/ តើលោកយល់យ៉ាងណា ចំពោះចំណេះដឹង និងការយល់ដឹងពីលក្ខន្តិកៈរបស់ក្រសួង អំពីការចុះបញ្ជីនេះ?
            តាមពិត បើនិយាយឱ្យមែនទែនទៅចំណេះដឹងរបស់ពួកគាត់នៅមានកម្រិត ដោយមិនទាន់យល់ពីបញ្ហា ទាំងអស់នេះនៅឡើយទេ ប៉ុន្ដែពួកគាត់គ្រាន់តែដឹងតាមរយៈការសួរនាំពីអ្នកដទៃ មិត្តភក្ដិ (លឺតៗគ្នា) និងពឹងពាក់​ឱ្យអ្នកមាន បទពិសោធន៍ជួយពួកគាត់។ ម្យ៉ាងវិញទៀត ពួកគាត់ក៏មិនទាន់ពីការទុកដាក់ឯកសារ និងការបង់ពន្ធ​ដា ខណៈដែលដល់ពេលបង់ពន្ធដាម្ដងៗ ពួកគាត់តែងតែឈឺក្បាលជាមួយវា។
6/ ដោយឡែក តើក្រុមហ៊ុនរបស់លោកមានទស្សនៈវិស័យដូចម្ដេច?
            DNK Consultancy Service ត្រូវបានបង្កើតឡើងដោយក្រុមអ្នកជំនាញឯកទេសអាជីព ដែលអាច​ផ្តល់ជូនសេវាកម្ម ស្ទើរតែគ្រប់ប្រភេទ ដើម្បីជំនួយជាធនធាន និងបំពេញតម្រូវការរបស់អតិថិជនគ្រប់ស្រទាប់។ ក្រុមអ្នកជំនាញឯកទេសបានចំណាយពេលវេលារបស់ខ្លួន និងការខិតខំប្រឹងប្រែងយ៉ាងសស្រាកសស្រាំ ដើម្បី បំពេញបំណង ការឆ្លើយតបទៅនឹងប្រឹក្សាយោបល់ទាក់ទងនឹងអាជីវកម្មខា្នតតូច-ធំ និងការចង់បានទាំងអស់​របស់អតិថិជន។
7/ តើក្រុមហ៊ុនរបស់លោកមានសេវាប្រឹក្សាយោបល់ និងផ្តល់នូវសេវាកម្មអ្វីខ្លះ?
            ក្រុមហ៊ុនរបស់យើងមានសេវាជាច្រើនប្រភេទដូចជា សេវាបណ្តុះបណ្តាលគន្លឹះ និងយុទ្ធសាស្រ្ត​លើការ​អភិវឌ្ឍសមត្ថភាព ជំនាញអាជីព ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំដល់បុគ្គលិកតាមបណ្តាអង្គការ ស្ថា​ប័ន និង​ក្រុមហ៊ុននានា។ ក្នុងនោះដែរ យើងមានសេវាជំនាញក្នុងការធ្វើផែនការទីផ្សារ យុទ្ធសាស្រ្តទីផ្សារ គន្លឹះជំរុញការ​លក់ទាំងផលិត​ផលសេវាកម្ម និងផ្សព្វផ្សាយពាណិជ្ជកម្មតាមប្រពន្ធ័អនឡាញ ជាសេវាកម្មមួយ​ប្រកបដោយ​ជំនាញអាជីព​តាម​រយៈការឆ្នៃប្រឌិតគំនិតថ្មីៗបន្ថែម ប្រកបដោយប្រសិទ្ធ​ភាពខ្ពស់​ទាំងគុណភាព និងតម្លៃ។
8/ ជាចុងក្រោយ តើលោកមានអ្វីចង់បន្ថែម?
            បន្ថែមលើនេះ យើងក៏មានសេវាកម្មភ្នាក់ងារជួយចុះបញ្ជីពាណិជ្ជកម្មក្រុមហ៊ុនថ្មីតូច-ធំ ការផ្លាស់ប្ដូរ​អាស័​យ​ដ្ឋាន លក្ខន្ដិកៈ ឬម្ចាស់ភាគហ៊ុនក្រុមហ៊ុន ការការពារម៉ាកសញ្ញា កម្មសិទ្ធបញ្ញា និងភាពផ្ដាច់មុខ ការបង្កើត​សាខាក្នុងស្រុក ឬការិយាល័យតំណាងក្រុមហ៊ុនបរទេស និងធ្វើប័ណ្ណពន្ធប៉ាតង់ និង VAT នៅតាមសាខា ឬនា​យក ដ្ឋានពន្ធដារផងដែរ។
            ចំណែកយើងមានសេវាកម្មដល់ទីកន្លែង រហស័ទាន់ចិត្ត ផ្តល់នូវទំនុកចិត្តខ្ពស់ តម្លៃសេវាទាប និងជានិច្ច​ជាកាលតែងតែភ្ជាប់ទំនាក់ទំនងដោយភាតរៈភាពជាមួយអតិថិជន ដើម្បីធានាឱ្យសម្រេចទស្សនៈ​វិស័យខាងលើ សេវាកម្ម ឌី.អិន.ខេ បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីអនុវត្តបេសកម្មចម្បងៗដូចជា ផ្តល់តែ​សេវា​កម្មណាដែល​យើងអាចធ្វើបានល្អបំផុត សេវាកម្មដល់ទីកន្លែង យកចិត្តទុកដាក់ជាអទិភាព៕

Share on Google Plus

About DNKL BUSINESS CONSULTANT

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment